អត់យកលុយមកតាមខ្លួនដាក់បញ្ចាំអស់ហើយ តែ!​ អត់លុយបង់ថ្លៃប៉ូលិសផាក បុរសម្នាក់ត្រូវដេកលើបង់អង្គុយ នៅប៉ុស្តិ៍ មួយយប់ទល់ភ្លឺ

ពត៌មានជាតិ
Spread the love

បុរសម្នាក់ ត្រូវដេកកន្លែងប៉ូលិសចរាចរណ៍ខេត្តសៀមរាប មួយយប់ទល់ភ្លឺ ព្រោះគ្មានប្រាក់បង់ផាកពិន័យចំនួន៦ម៉ឺនរៀល ដោយសារមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ ខណៈសមត្ថកិច្ចកំពុងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងក្តៅគគុក ។
ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ CPC NEWS ពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនចរាចរណ៍ បាននៅឡើយទេ ដោយសារលោកបញ្ជាក់ថា កំពុងជាប់រវល់ ។


យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ “Chea Seangkhun” បានបង្ហោះកាលពីវេលាម៉ោង១១៖០២នាទី យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ថា “នៅខេត្តសៀមរាបមុខស្ពានឆ្លងស្ទឹងសៀមរាបចូលទីរួមខេត្ត ពេលយប់ខ្ញុំអត់បានពាក់មួយសុត្ថិភាពលោកប៉ូលីសបានផាកខ្ញុំ៦០០០០រៀល ខ្ញុំប្រាប់បងៗប៉ូលីសថាខ្ញុំអត់បានយកលុយមកជាប់ខ្លួនទេយប់នេះ ខ្ញុំសូមតំកល់ឯកសារមួយចំនួនដូចខាងក្រោម គាត់ថាអត់ខ្វល់បើមិនមានលុយដេកណាដេកទៅ នេះសំណាងហើយខ្ញុំជាមនុស្សប្រុសអាចដេកនៅកៅអីបង់ទល់ភ្លឺបានចុះបើជាមនុស្សស្រីវិញអោយគាត់ដេកយ៉ាងម៉េចលោកប៉ូលីស”។

គណនីហ្វេសប៊ុកដដែល បន្តថា “តាមពិតឯកសាររបស់ខ្ញុំវាមានតំលៃលើស៦០០០០រៀលឆ្ងាយណាស់ តែអស់លោកពួកប៉ូលីសខេត្តសៀមរាមខ្លះវាធ្វើមិនយល់ហើយបាននិយាយថាកន្លែងប៉ុស៍ប៉ូលីសមិនមែនជាកន្លែងបញ្ចាំទេ ពេលខ្ញុំលឺបែបនេះមានអារម្មណ៍ថាឱស្រុកខ្ញុំអើយហេតុអីក៏មានមន្រ្តីបែបនេះ មិនខ្មាស់ប្រទេសជិតខាងទេអី ហើយខ្ញុំមិនដឹងថាវាប្រលងជាប់ជាមន្ត្រីយ៉ាងម៉េចទេបានវាមិនយល់”។
ទន្ទឹមនេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានចេញសារសំឡែងដ៏សំខាន់មួយ ពាក់ព័ន្ធការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ជូនចំពោះស្នងការរងនិងប្រធានការិយាល័យ ទូទាំងប្រទេស ផងដែរ ក្រោយមានបាតុភាពមិនល្អប្រសើរមួយចំនួន ៕

Leave a Reply

Your email address will not be published. Required fields are marked *