នៅអឺរ៉ុប ការខ្វះម៉ាស់ពាក់ ជាចំណោទខ្លាំងចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី។ អ៊ីតាលី ប្រទេសរងគ្រោះខ្លាំងជាងគេ បានខ្វះម៉ាស់ប្រើប្រាស់ ហើយបានសុំជំនួយពីសមាជិកសហភាពអឺរ៉ុប ពីរុស្ស៊ី និងចិនជាដើម។ ពាក់ព័ន្ធនឹងការប្រើប្រាស់ម៉ាស់ពាក់នេះដែរ អង្គការសុខភាពពិភពលោក ក៏ដូចជា រដ្ឋាភិបាលបារាំង ធ្លាប់លើកឡើងថា «អ្នកមានរោគសញ្ញា ចាំពាក់ម៉ាស់ ចំណែកអ្នកមិនឈឺ មិនចាំបាច់ពាក់»។ ក៏ប៉ុន្តែ អ្នកជំនាញចិនវិញ បានយល់ឃើញផ្ទុយនេះ។ អគ្គនាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់ចិន លោក ចច កៅ (George Gao) បញ្ជាក់ថា « ការមិនពាក់ម៉ាស់ ដើម្បីការពារខ្លួន គឺជាកំហុសឆ្គង»។
អ្នកវិទ្យាសាស្ត្រចិនជាន់ខ្ពស់ បណ្ឌិត George Gao បានផ្តល់បទសម្ភាសតាមទូរសព្ទទៅឱ្យអ្នកកាសែតអាមេរិក ហើយដែលត្រូវបានស្រង់ប្រសាសន៍មកអះអាងថា៖ «តាមយោលប់ខ្ញុំ នៅសហរដ្ឋអាមេរិកនិងអឺរ៉ុបគឺជាការខុសឆ្គងធំណាស់ដែលពលរដ្ឋមិនពាក់ម៉ាក់ការពារ។ មេរោគកូរ៉ូណាថ្មីនេះចម្លងពីមនុស្សទៅមនុស្ស ដោយសារផ្លូវដង្ហើម តំណក់ទឹកមាត់ ឬទឹកសំបោរ។ តំណក់ទឹកមាត់ឬទឹកសំបោរ ដើរតួនាទីសំខាន់ណាស់ ក្នុងការចម្លងមេរោគនេះ។ ដូច្នេះ ម៉ាស់ សំខាន់ខ្លាំងណាស់! ព្រោះថា គ្រាន់តែការនិយាយគ្នាធម្មតា ក៏អាចខ្ទាតទឹកមាត់ និងអាចឆ្លងគ្នាបានដែរ។»
នេះបើតាមការបញ្ជាក់របស់ បណ្ឌិត George Gao នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអាមេរិក Science ផ្សាយថ្ងៃទី២៧មីនា។ លោកបណ្ឌិតរូបនេះ បន្ថែមថា «មនុស្សច្រើនណាស់ដែលឆ្លង តែមិនមានរោគសញ្ញា ក៏ប៉ុន្តែពួកគេអាចចម្លងរោគទៅអ្នកដទៃបាន។ ហេតុនេះ ម៉ាស់មួយ អាចការពារខ្លួនរួចពីការចម្លងរោគដោយទឹកមាត់ទឹកសំបោរ ដែលមានផ្ទុកមេរោគ ហើយក៏អាចជួយការពារអ្នកដទៃពីការចម្លង បើក្នុងករណីខ្លួនមានផ្ទុកមេរោគវិញនោះ។»
គួរជ្រាបថា បច្ចុប្បន្ន លោក George Gao ជាអគ្គនាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់ចិន ដែលមានបុគ្គលិកវេជ្ជសាស្ត្រជាង២ពាន់នាក់។ លោកបានទទួលការសិក្សានៅថ្នាក់បណ្ឌិតផ្នែកជីវគីមី នៅសកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស ហើយបានបន្តការស្រាវជ្រាវថ្នាក់កម្រិតក្រោយបណ្ឌិត នៅសកលវិទ្យាល័យ Harvard របស់អង់គ្លេសបន្ថែមទៀត ដោយយកជំនាញខាងប្រព័ន្ធការពារសរីរាង្គនិងមេរោគវិទ្យា។ អ្នកវិទ្យាសាស្ត្រចិនជាន់ខ្ពស់រូបនេះ ធ្លាប់បានចុះផ្សាយអត្ថបទសិក្សាមួយចំនួន នៅទស្សនាវដ្តីវិទ្យាសាស្ត្រ New England Journal of Medicine និង ទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស The Lancet៕
ប្រភព rfi