ជួយដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃផង!​ អ្នកធ្វើការសេវាកម្មកម្សាន្ត ស្នើឲ្យរដ្ឋាភិបាលឧបត្ថម្ភប្រាក់៤០ដុល្លារ ដើម្បីសម្រួលដល់ការលំបាក

ពត៌មានជាតិ
Spread the love

ភ្នំពេញ៖ អ្នកបម្រើការងារសេវាកម្មកម្សាន្ត ស្នើឲ្យរដ្ឋាភិបាលឧបត្ថម្ភប្រាក់៤០ដុល្លារ ដើម្បីសម្រួលដល់ការលំបាក ខណៈវិស័យការងាររបស់ពួកគេ បានបិទស្ទើទាំងស្រុងនៅអំឡុងកូវីដ-១៩។
កម្មករសេវាកម្មកម្សាន្តសង្កត់ធ្ងន់ថា មូលហេតុដែលពួកគេស្នើសុំនេះ ដោយសារខ្លួនកំពុងរងគ្រោះ ស្ទើតែគ្មានម្ហូបអាហារបរិភោគគ្រប់គ្រានឡើយ។ សព្វថ្ងៃនេះ របរដែលកម្មករសេវាកម្មកម្សាន្តធ្វើបាន គឺបោកខោអាវ កោសខ្យល់ បកខ្ទឹម និងរើសអេតចាយជាដើម។
អ្នកធ្វើការសេវាកម្មកម្សាន្តប្រមាណ៣០នាក់ បានដាក់ញត្តិទៅលោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ការទាមទារនេះ ធ្វើឡើងក្រោមមេឃភ្លៀង នៅមុខក្រសួងការងារ ដោយម្នាក់ៗពាក់អាវភ្លៀវនិងដៃកាន់ស្លាកដែលសរសេរថា «គ្មាននរណាម្នាក់ត្រូវបោះបង់ចោល? ចុះកម្មករសេវាកម្មកម្សាន្ត?, កម្មករសេវាកម្មកម្សាន្តក៏រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ដូចគ្នា, កូរក្រពេះវេទនាជាងកូវីដ-១៩…»។ ការដាក់ញត្តិនេះ ធ្វើឡើងកាលពីថ្ងៃទី១០ មិថុនានេះ។
អ្នកស្រី តែម ស្រីម៉ិច ជាអ្នកធ្វើការនៅ KTV ម្ដុំច្បារអំពៅអះអាងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលនេះថា អ្នកស្រីជួបការលំបាកកាន់តែខ្លាំងទៅៗ ខណៈគ្មានការងារធ្វើ និងជាប់បំណុលធនាគារ បង់ថ្លៃទឹកភ្លើង និងផ្ទះជួល ជាពិសេសចំណាយលើម្ហូបអាហារ និងបន្ទុកគ្រួសារមួយផ្នែកធំទៀត។ «ដើរបោកខោអាវតាមផ្ទះគេ ជួនមាន ជួនអត់ បានតែ៥០០០រៀនទៅ១០០០០រៀនទេ អ្នកខ្លះគេឲ្យ១៥០០០រៀល តាមខោអាវគេតិចឬច្រើន។ ហើយថ្ងៃខ្លះក៏មានអ្នករកកោសខ្យល់ បាន១៥០០០រៀនអីដែរ។ និយាយទៅរាល់ថ្ងៃឲ្យតែមានការងារ ខ្ញុំធ្វើទាំងអស់ឲ្យតែបានលុយ»។  នេះជាការរៀបរាប់របសអ្នកស្រី ម៉ិច។
រៀងរាល់ខែ អ្នកស្រី ម៉ិច ត្រូវបង់ធនាគារជិត២០០ដុល្លារ បង់ថ្លៃបន្ទប់ជួល៧០ដុល្លារ ចំណាយប្រចាំថ្ងៃ និងត្រូវផ្ញើទៅឲ្យម្ដាយនៅខេត្តក្រចេះមួយផ្នែកទៀត ដែលកំពុងរស់នៅជាមួយកូនស្រីទាំង២នាក់របស់ខ្លួន។ ដោយសារតម្រូវការចំណាយច្រើន ធ្វើឲ្យអ្នកស្រីម៉ិច បង្ខំចិត្តខ្ចីប្រាក់ឯកជនបន្ថែមទៀត។
អ្នកស្រី ម៉ិច ស្នើឲ្យរដ្ឋាភិបាលឧបត្ថម្ភប្រាក់៤០ដុល្លារ ដើម្បីជួយដល់ក្រុមអ្នកធ្វើការសេវាកម្មកម្សាន្ត ឲ្យមានលទ្ធភាពទិញម្ហូបអាហារបរិភោគ ។ ក្រៅពីនេះលោកស្រី ស្នើរដ្ឋាភិបាលឲ្យជួយអន្តរាគន៍លើការបញ្ចុះ តម្លៃផ្ទះជួល ទឹក ភ្លើងផងដែរ។
នៅកម្ពុជាមានកម្មករសេវាកម្មកម្សាន្តប្រមាណ៨ម៉ឺននាក់ ប៉ុន្តែរបាយការណ៍ជាក់លាក់ពីចំនួនអ្នកបាត់បង់ការងារ នៅមិនទាន់មាននៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា ។
បើតាមលោកស្រី ផល្លីន ភាគច្រើនអ្នកដែលបាត់បង់ការងារធ្វើ ដោយសារការបិទអាជីវកម្មកម្សាន្ត គឺមិនទាន់មានការងារច្បាស់លាស់នៅឡើយ។ អ្នកស្រី ទេពផល្លីន លើកឡើងថា ចំណូលដែលកម្មករសេវាកម្សាន្តទទួលបានសព្វថ្ងៃ គឺបានពីការបកខ្ទឹម លាងចាន បោកខោអាវ កោសខ្យល់ និងរើសអេតចាយជាដើម។
ជុំវិញបញ្ហានេះ អ្នកស្រី ទេពផល្លីន យល់ថា៖ «រដ្ឋាភិបាលគួរតែពិនិត្យឲ្យល្អិតល្អន់ ជាពិសេសលើជនងាយរងគ្រោះ ហើយធ្វើកិច្ចអន្តរាគមន៍ឲ្យប្រជាពលរដ្ឋ ព្រោះកន្លមកឃើញថា មានតែកិច្ចអន្តរាគមន៍ទៅលើនិយោជកប៉ុណ្ណោះ។ ហើយកម្មករផ្នែកនេះ ពួកគាត់បាត់បងប្រយោជន៍យ៉ាងច្រើន ពិសេសជាច្រើនម៉ឺននាក់មិនទាន់មានបណ្ណ ប.ស.ស»។
លោក សេង រាជ មន្រ្តីច្បាប់នៃមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)ប្រាប់សារព័ត៌មានថ្មីតាមទូរស័ព្ទថា រដ្ឋាភិបាលគួរតែបញ្ចេញកញ្ចប់ថវិការជាតិ ជួយដល់កម្មករសេវាកម្មកម្សាន្ត និងមានគោលនយោបាយច្បាស់លាស់ឆ្លើយតបទៅស្ថានភាពរស់នៅពួកគេ។ ក្រៅពីនេះ លោកលើកឡើងថា ពលរដ្ឋខ្មែរមានសិទ្ធិទទួលបានការធានារាប់រងសង្គម និងអត្ថប្រយោជន៍សង្គម។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា រាជរដ្ឋាភិបាលមានកញ្ចប់វិធានការអន្តរាគមន៍ ជំនួយសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋ គឺមានកញ្ចប់ថវិកាប្រមាណ៣០០លានដុល្លារ។ លោក ហេង សួរ បន្ថែមថា តាមរយៈកម្មវិធីជំនួយសង្គមនេះ នឹងបង្កើតការងារពលកម្មនៅតាមសហគមន៍សម្រាប់ឲ្យកម្មករនិយោជិត ដែលអត់ការងារធ្វើ ដោយសាររោងចក្រ សហគ្រាសឬក្រុមហ៊ុន ដែលបានបិទ។
បើតាមលោក ហេង សួរ កម្មវិធីជំនួយសង្គមនឹងជួយដល់គ្រួសារក្រីក្រ និងពលករដែលទើបវិលត្រឡប់មកពីបរទេសផងដែរ។ ដូច្នេះកម្មករនៅក្នុងវិស័យផ្សេងក្រៅពីកាត់ដេរ គឺ ទទួលការងារតាមរយៈកម្មវិធីជំនួយសង្គម នៅតាមសហគមន៍ជាបណ្តោះអាសន្នសិន។ «ដើម្បីដោះស្រាយការអត់ការងារធ្វើនេះ យើងនឹងបង្កើតការងារនៅមូលដ្ឋាន ធ្វើផ្លូវ ធ្វើថ្នល់ ជីកប្រឡាយផេ្សងដើម»។ នេះបើតាមការលើកឡើងរបស់លោក ហេង សួរ។
តាមការប៉ាន់ស្មានរបស់អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា គម្រោងជំនួយសង្គម ដែលមានកញ្ចប់ទឹកប្រាប់ប្រមាណ៣០០លានដុល្លារ នឹងចាប់ផ្ដើមអនុវត្តតាមសប្ដាហ៍ក្រោយ។ លោក ថ្លែងដូច្នេះថា៖ «ក្រសួងបានរៀបសំណើរដាក់ទៅរដ្ឋាភិបាលហើយ ប្រហែលអាទិត្យក្រោយនឹងមានសេចក្ដីសម្រេច តាមគម្រោងថា នឹងត្រូវអនុវត្តបែបណា»។ បើតាមព័ត៌មានបឋម ដែលលោក ចាន់នី ទទួលបាន គឺមានពលរដ្ឋជាង៥៤ម៉ឺនគ្រួសារដែលរងផលប៉ះពាល់ ក្នុងបើគិតជាចំនួនមនុស្សមានប្រមាណ២លាននាក់។
កម្មករសេវាកម្មកម្សាន្ត បានអះអាងថា បើការស្នើសុំរបស់ពួកគេ មិនមានដំណោះស្រាយទេ ក្រុមរបស់ខ្លួននឹងបន្តតវ៉ានៅមុខក្រសួងការងារ ជាលើកទី២ ព្រោះអ្នកប្រកបរបរសេវាកម្មកម្សាន្តជាច្រើន កំពុងរងទុក្ខវេទនា៕ប្រភព៖thmeythmey.com

Leave a Reply

Your email address will not be published. Required fields are marked *