វៀតណាម និងហ្វីលីពីនរួមគ្នាថ្កោលទោសចិន ចំពោះការធ្វើសមយុទ្ធយោធា​នៅសមុទ្រចិនខាងត្បូង ខណៈអាមេរិកបញ្ជូននាវាចម្បាំងមកដែរ

ពត៌មានអន្តរជាតិ
Spread the love

(ហាណូយ)៖ ប្រទេសវៀតណាម និងហ្វីលីពីនបានប្រកាសថ្កោលទោស​ការធ្វើសមយុទ្ធយោធារបស់ចិន នៅក្បែរតំបន់ជម្លោះដែនទឹក នៃសមុទ្រចិនខាងត្បូងដោយព្រមានថា វានឹងបង្កឱ្យមានភាពតានតឹង និងធ្វើឱ្យខូចខាតដល់ទំនាក់ទំនង​របស់ទីក្រុងប៉េកាំង ជាមួយប្រទេសក្បែរខាងតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

ប្រទេសចិនបានប្រកាសកាលពីសប្ដាហ៍មុននេះ អំពីការធ្វើសមយុទ្ធយោធារយៈពេល ០៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី០១ ខែកក្កដា នៅក្បែរដែនទឹកជម្លោះនៃទីប្រជុំកោះ Paracel ដែលទីក្រុងប៉េកាំង និងទីក្រុងហាណូយ អះអាងរៀងៗខ្លួនពីដែនអធិបតេយ្យភាព។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក ឌែលហ្វីន ឡរិនហ្សាណា (Delfin Lorenzana) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា សមយុទ្ធយោធារបស់ចិន នៅតំបន់ដែនទឹកជម្លោះក្បែរទីប្រជុំកោះ ផារ៉ាសែល (Paracel) គឺជាទង្វើបង្ករឿង ខណៈក្រសួងការបរទេសវៀតណាមចាត់ទុកថា វាជាទង្វើរំលោភបំពាន​លើដែនអធិបតេយ្យភាពវៀតណាម ដែលនឹងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយប្រទេសជាសមាជិកអាស៊ាន។

ដោយឡែកក្រសួងការពារជាតិអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏បានបង្ហាញក្ដីព្រួយបារម្ភ ជុំវិញការធ្វើសមយុទ្ធយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរដោយចាត់ទុកថា នេះគឺជាសកម្មភាពដែលនឹងបង្កអស្ថេរភាព​នៅក្នុងតំបន់ជម្លោះដែនទឹក។ សហរដ្ឋអាមេរិកបានចោទចិនថា កំពុងពង្រីកសកម្មភាពយោធានៅ តំបន់សមុទ្រចិនខាងត្បូង និងគំរាមកំហែងដល់ប្រទេសជាភាគីជម្លោះ។
ប៉ុន្តែទន្ទឹមៗគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានក៏បង្កើនការបញ្ជូន​នាវាចម្បាំងមកក្បែរតំបន់ជម្លោះនេះដែរ ក្រោមបេសកកម្មដែលខ្លួនហៅថា សេរីភាពនាវាចរ ខណៈទីក្រុងប៉េកាំងព្រមានតបវិញថា សកម្មភាពរបស់យោធាអាមេរិកបែបនេះ អាចនឹងបង្កហានិភ័យ នៃជម្លោះរវាងយោធានៃប្រទេសទាំង ២។

គួរបញ្ជាក់ថា ដោយយោងលើតឹកតាងប្រវត្តិសាស្ត្រ ចិនបានទាមទារ ៩០ភាគរយ នៃតំបន់ដែនទឹកជម្លោះនៃតំបន់សមុទ្រចិនខាងត្បូងជាមួយប្រទេសប្រ៊ុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម និងកោះតៃវ៉ាន់។ សមុទ្រចិនខាងត្បូង ត្រូវបានគេចាត់ទុកថា ជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដោយមានទាំងធនធានប្រេង និងឧស្ម័ន ហើយសកម្មភាពពាណិជ្ជកម្មឆ្លងកាត់តំបន់នេះ មានរហូតដល់ ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗឯណោះ៕ប្រភព៖freshnewsasia.com

Leave a Reply

Your email address will not be published. Required fields are marked *